ស្វាយរៀង៖ ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
លោកវេជ្ជបណ្ឌិត ទែន សាបុណ្យ អនុប្រធានមន្ទីរសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលសុខាភិបាលថ្មីនៅស្រុកចន្ទ្រា និងពិនិត្យមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពទួលស្ដី ដែលស្ថិតក្រោមដែនសមត្ថកិច្ចនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជីភូ។
ក្នុងបេសកកម្មចុះត្រួតពិនិត្យផ្ទាល់នេះ លោកអនុប្រធានមន្ទីរ ក៏មានការអញ្ជើញចូលរួមអមដំណើរបង្ហាញពីសំណាក់ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជីភូ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ការចុះពិនិត្យនេះ គឺដើម្បីតាមដានឱ្យដឹងពីវឌ្ឍនភាព និងធានាថាការសាងសង់មណ្ឌលសុខាភិបាលថ្មីនៅស្រុកចន្ទ្រា ប្រព្រឹត្តទៅតាមស្តង់ដារបច្ចេកទេស និងពេលវេលាកំណត់ ដើម្បីពង្រីកវិសាលភាពនៃការផ្ដល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ លោកអនុប្រធានមន្ទីរក៏បានជំរុញ និងលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាលនៅមណ្ឌលសុខភាពទួលស្ដី ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងផ្តល់សេវាព្យាបាលថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងភាពកក់ក្តៅបំផុត៕










