ដំរីមួយទាំងមូល យកចង្អេរទៅបាំងដូចម្តេចជិត—បើទីតាំងល្បែងនៅកៀកកិតច្រមុះអាជ្ញាធរហើយនៅតែមើលមិនឃើញ៤ តើត្រូវឱ្យពលរដ្ឋពឹងពាក់អ្នកណា?
រ
បើកាហ្វេពិត ហេតុអ្វីមនុស្សចូលទៅមិនមែនដើម្បីជជែកគ្នា បែរជាចូលទៅដុតបំផ្លាញលុយកាក់ និងអនាគត? ត្រឹមតែជាង ៥០ម៉ែត្រពីសាលាសង្កាត់ស្រះចក ទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងអនឡាញមួយកំពុងដំណើរការយ៉ាងរលូនដូចគ្មានរឿងអ្វីកើតឡើង។ នេះជាការផ្គើននឹងសមត្ថកិច្ច ឬមានខ្នងបង្អែកដែលមើលមិនឃើញ?
យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ស្រះចក បានបញ្ជាក់ថា សុខទុក្ខ និងសេចក្តីស្ងប់សុខក្នុងសហគមន៍កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ពលរដ្ឋបានរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើង នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា មានទីតាំងអាជីវកម្មមួយកន្លែងកំពុងលួចលាក់បើកដំណើរការសង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់ ទាំងប្រព័ន្ធអនឡាញ បៀរការ៉ាត់ និងការភ្នាល់បាល់ទាត់ យ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់ ដោយពុំញញើតនឹងច្បាប់រដ្ឋឡើយ។ ភាពមិនប្រក្រតីដែលកើតឡើងចំពោះមុខនេះ បានក្លាយជាប្រធានបទក្តៅដែលមហាជននិយាយតៗគ្នាទាំងហួសចិត្ត និងសង្ស័យជាខ្លាំង។
តាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបញ្ជាក់ច្បាស់ៗថា ទីតាំងសង្ស័យខាងលើនេះ មានយីហោ «ហាងកាហ្វេ១៦៨» ស្ថិតនៅលើផ្លូវបេតុងលេខ៧០ ផ្ទះលេខB៥១ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានបុគ្គលម្នាក់ឈ្មោះ លោក ម៉េង ជាអ្នកមើលការខុសត្រូវ និងចាត់ចែងទីតាំងនេះផ្ទាល់។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ និងធ្វើឱ្យពលរដ្ឋអស់សំណើចទាំងក្តុកក្តួលនោះ គឺទីតាំងនេះស្ថិតនៅចម្ងាយត្រឹមតែជាង ៥០ម៉ែត្រប៉ុណ្ណោះពីសាលាសង្កាត់ស្រះចក។
ប្រភពដដែលបានបន្ថែមថា កន្លងមកអង្គភាពសារព័ត៌មានធ្លាប់បានចុះផ្សាយម្តងរួចមកហើយ ប៉ុន្តែទីតាំងនេះគ្រាន់តែបិទបាំងមួយរយៈខ្លីដើម្បីមើលការខុសត្រូវ រួចក៏លួចបើកដំណើរការឡើងវិញជាធម្មតា ហាក់បីដូចជាច្បាប់គ្មានអំណាចចំពោះពួកគេ។ ជុំវិញបញ្ហានេះ អង្គភាពសារព័ត៌មានយើងបានព្យាយាមទំនាក់ទំនង និងរាយការណ៍ជូន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក តាមប្រព័ន្ធតេឡេក្រាម ដោយលោកបានឆ្លើយតបយ៉ាងខ្លីថា «លោកនឹងចុះអង្កេតសិន»។
ពោល... ចម្លើយដ៏ត្រជាក់ស្រេបនេះ បានក្លាយជាផ្ទាំងទស្សនីយភាពមួយដែលពលរដ្ឋចោទសួរថា តើត្រូវចុះអង្កេតដល់ពេលណាទៀត ខណៈទីតាំងនេះនៅជាប់នឹងភ្នែកបែបនេះ?
អ្នកវិភាគសង្គមបានលើកឡើងថា ការយឺតយ៉ាវ ឬឆ្លើយយកតែរួចខ្លួនចំពោះទីតាំងល្មើសច្បាប់ដែលនៅក្បែរច្រមុះរដ្ឋបាល គឺជាការធ្វើឱ្យធ្លាក់ចុះនូវតម្លៃនៃអំណាចរដ្ឋ។ វាមិនត្រឹមតែជាការបណ្តែតបណ្តោយឱ្យល្បែងស៊ីសងបំផ្លាញអនាគតយុវជន និងបង្កអសន្តិសុខនោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើពាក្យស្លោក «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» យ៉ាងជាក់ស្តែង។
ជុំវិញបញ្ហាដ៏រ៉ាំរ៉ៃនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានគោរពស្នើសុំយ៉ាងទទូច និងចំៗទៅកាន់ លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ក៏ដូចជាពលរដ្ឋក្នុងតំបន់នោះមានការទទូចស្នើរសុំយ៉ាងខ្លាំង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់កម្លាំងមានសមត្ថកិច្ចចុះពិនិត្យ និងវះកាត់ទីតាំងនេះឱ្យបានម៉ឺងម៉ាត់បំផុត កុំទុកឱ្យល្បែងស៊ីសងជ្រកក្រោមផ្លាកកាហ្វេមកបំផ្លាញសង្គមជាតិ។
សូមបញ្ជាក់ថា ច្បាប់ដែលគ្មានធ្មេញ គឺដូចជាក្រដាសទទេ ប្រសិនបើទីតាំងនេះនៅតែអាចបន្តបើកបានដោយរលូន នោះមហាជននឹងបន្តសួរដេញដោលថា តើនរណាជាអ្នកនៅពីក្រោយខ្នងលោក ម៉េង? អាជ្ញាធរត្រូវតែបង្ហាញសកម្មភាពជាក់ស្តែងដើម្បីស្តារមុខមាត់ និងជំនឿទុកចិត្តរបស់ពលរដ្ឋឡើងវិញ។
អង្គភាពសារព័ត៌មានយើងផ្សាយផ្អែកលើការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងរង់ចាំទទួលការបំភ្លឺពីលោក ម៉េង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធគ្រប់ពេលវេលា


























