ព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំធំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញជាអធិបតីពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) មានការចូលរួម លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធាន មន្ទីរ អង្គភាព នាយ នាយរង ជំនួយការការិយាល័យ និងបានអញ្ជើញ យោធិន នៃកងរាជអាវុធហត្ថ ដែលបានចូលនិវត្តន៍ -ពិការ និងគ្រួសារយោធិនពលី មរណៈ ដែលជួបការលំបាក ជួបសំណេះសំណាល សួរសុខទុក្ខ ផងដែរ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានអានសារជូនពរ និងបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនអង្គពិធីទាំងមូល។ដើម្បីឧទ្ទិស ដល់យោធិនដែលបានពលីជីវិតបុព្វហេតុជាតិយើង និងនឹកគុណដល់ថ្ងៃកំណើត ដែលអាវុធហត្ថកើតឡើង ក្នុងប្រទេសជាតិតម្រូវការឲ្យមាន។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភជូនដល់និវត្តន៍ជន និងគ្រួសារយោធិនពលី មរណៈ សរុបចំនួន ២៩នាក់ ក្នុងនោះម្នាក់ៗ ទទួលបាន៖ អង្គរ ភេសជ្ជៈ មី ទឹកត្រី ទឺកសុីអុីវ ត្រីខ និងថវិកាចំនួន ១០០.០០០រៀល ។អំណោយទាំងអស់នេះគឺជាការឧបត្ថម្ភ ដល់តិចតួចស្រួចឆ្ដើងក៏ពិតមែន ហើយយើងក៏អាចយកមកប្រើប្រាស់ក្នុងពេលគ្រាដែលយើងកំពុងតែលំបាកបាន បានម្ដងម្កាដែរ ។











