"កាន់តែធ្ងន់កហើយ! កាន់តែអយុត្តិធម៌ហើយ!" សម្រែកទ្រហោយំរបស់ប្រជាពលរដ្ឋស្លូតត្រង់ កំពុងបន្លឺឡើងផ្អើលដល់ព្រះឥន្ទ្រ ខណៈដីធ្លីអាស្រ័យផលតាំងពីឆ្នាំ ១៩៩៤ ត្រូវបានគេប្រើល្បិច "មេឃគ្របលើដី" តាមរយៈលិខិត ស.ជ.ណ ដ៏មានមន្ទិល។ តើច្បាប់ស្រុកខ្មែរ បង្កើតមកដើម្បីការពាររាស្ត្រម្ចាស់ដី ឬការពារបុគ្គលមានអំណាច?
====================
ផ្សាយចេញពីរាជធានីភ្នំពេញ ៖ កម្ដៅនៃភាពអយុត្តិធម៌
ខេត្តព្រះសីហនុ ÷ ជាក់ស្ដែងគិតត្រឹមរសៀលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៦ នេះ ស្ថានភាពវិវាទដីធ្លីនៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ កំពុងតែឡើងកម្ដៅក្ដៅគគុក។ យោងតាមការរៀបរាប់ទាំងក្ដុកក្ដួលពីលោក ឃួន ប៉ក់, ឈ្មោះ ខៀវ សារឿន និងឈ្មោះ ទីវ លីណា តំណាងប្រជាពលរដ្ឋ ១៨ គ្រួសារ ដែលកាន់កាប់ដី ២៣ ក្បាលដី បានទម្លាយឱ្យដឹងថា ពួកគាត់កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីសំណាក់លោក ភឺន ផល្លា និងលោក ង៉ាន់ ភិរុណ ក្នុងករណីប្រើប្រាស់លិខិត ស.ជ.ណ មកគ្របដណ្ដប់លើដីកម្មសិទ្ធិរបស់ពួកគាត់ទាំងបំពាន និងគ្មានគោលនយោបាយដោះស្រាយ។
យោងតាមប្រភពតំណាងគ្រួសារបានលើកឡើងអង្គភាពយើងខ្ញុំយ៉ាងដូច្នេះថា៖ ភស្តុតាង និងកិច្ចអន្តរាគមន៍គ្រប់ច្រកល្ហក
ក្នុងស្មារតីតស៊ូដើម្បីយុត្តិធម៌ និងដើម្បីឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានជ្រាបជាព័ត៌មាន តំណាងពលរដ្ឋទាំង ៣ រូប បានដាក់ពាក្យបណ្ដឹងតវ៉ា និងសំណើអន្តរាគមន៍ចំនួន ៥ ស្ថាប័នធំៗ រួមមាន៖
១- ក្រសួងបរិស្ថាន៖ សំណើគោរពជូន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដើម្បីសុំការពិនិត្យឡើងវិញលើភាពមិនប្រក្រតី។
២- ក្រសួងរៀបចំដែនដី៖ សំណើសុំចេញប័ណ្ណកម្មសិទ្ធិ ២៣ ក្បាលដី លេខ ១៤៥២ ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៥ ដែលមានដីកាបញ្ជូនពីខុទ្ទកាល័យលេខ ៣៦៨.ខន/០២៥ ចុះហត្ថលេខាដោយលោក ហូ សិទ្ធី កាលពីថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៥។
៣- រដ្ឋបាលខេត្តព្រះសីហនុ៖ បណ្ដឹងតវ៉ាគោរពជូន ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត ដើម្បីស្នើឱ្យចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងជាក់ស្ដែង បង្ហាញការពិតដល់មហាជន។
៤- អង្គភាពប្រឆាំងអំពើពុករលួយ (ACU)៖ ពាក្យបណ្ដឹងគោរពជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ដើម្បីវះកាត់រកភាពស្អុយរលួយក្រោយខ្នងការចេញ ស.ជ.ណ។
៥- ខុទ្ទកាល័យនាយករដ្ឋមន្ត្រី៖ ញត្តិដង្ហោយសុំការសង្គ្រោះពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីមេត្តាជួយអន្តរាគមន៍លុបចោល ស.ជ.ណ ដែលកំពុងជាន់លើក្បាលរាស្ត្រ។
ខ្លឹមសារលម្អិតនៃភាពមិនប្រក្រតី
ពលរដ្ឋបានទទូចសុំឱ្យលុបចោលនូវលិខិតដែលចោទថាមាន "ចេតនាទុច្ចរិត" ចំនួន ២ សំខាន់ៗ៖
* ស.ជ.ណ លេខ ២០៨៦ ប.ស ចុះថ្ងៃទី ២១ វិច្ឆិកា ២០២២ របស់ក្រសួងបរិស្ថាន ផ្ដល់ជូនឈ្មោះ ភឺន ផល្លា ចំនួន ០៦ កន្លែង (ទំហំ ២២៧,២២៦ ម៉ែត្រការ៉េ) ដែលបានគ្របដណ្ដប់លើក្បាលដីពលរដ្ឋ ១៦ កន្លែង (លេខ៖ 368, 369, 370, 372, 376, 395, 522, 592, 593, 595, 851, 865, 866, 867, 868, 906)។
* ស.ជ.ណ លេខ ១១៩៩ ប.ស ចុះថ្ងៃទី ០២ មិថុនា ២០២៣ ផ្ដល់ជូនឈ្មោះ ង៉ាន់ ភិរុណ ចំនួន ០៣ កន្លែង (ទំហំ ៦៨,៤៣៩ ម៉ែត្រការ៉េ) ដែលបានជាន់លើក្បាលដីពលរដ្ឋ ០៦ កន្លែង (លេខ៖ 374, 375, 594, 938, 939, 940)។
ពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា ដីនេះពួកគាត់អាស្រ័យផលតាំងពីឆ្នាំ ១៩៩៤ និងមានបង្កាន់ដៃចុះបញ្ជីដីជាប្រព័ន្ធតាំងពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២២ ស្របតាមអនុក្រឹត្យលេខ ៧៩ អនក្រ.បក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិមុន។
សូមជម្រាបទៅដល់បងប្អូនទូរទស្សនិកជនជូនរួមជាតិអ្នកស្ដាប់ជាទីរាប់អានបំផុតនេះជាការបទសម្ភាសន៍អង្គភាពយើងខ្ញុំនឹងតំណាងប្រជាពលរដ្ឋ ១៨ គ្រួសារ លោកពូ...ឃួន ប៉ក់ ...
គួររំលឹកផងដែរថា "ប្រវត្តិសាស្ត្រតែងតែបង្រៀនថា ជនដែលជិះជាន់រាស្ត្រ គង់នឹងត្រូវវិនាសដោយសារអំពើរបស់ខ្លួន!" យុត្តិធម៌សម្រាប់ពលរដ្ឋ ១៨ គ្រួសារ និងអតីតប៉ូលិស A3 គឺជាបន្ទាត់វាស់ស្ទង់នូវគុណធម៌របស់មន្ត្រីអាជ្ញាធរ។ មន្ត្រីជំនាញខេត្តព្រះសីហនុ ត្រូវតែការពារម្ចាស់ដីពិតប្រាកដ និងចាត់វិធានការច្បាប់លើអ្នកដែលប្តឹងរារាំងដោយគ្មានភស្តុតាង។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយក្នុងគោលបំណងពាំនាំព័ត៌មានពីមហាជនពលរដ្ឋ ជាព័ត៌មានមានប្រភពច្បាស់ការនិងពិតប្រាកដ ជូនថ្នាក់ដឹកនាំ តាមរបបស្ដីពីវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ធម្មនុញ្ញសារព័ត៌មាននៃកម្ពុជា.. ដើម្បីជួយសម្រាលទុក្ខលំបាករបស់រាស្ត្រ។ យើងខ្ញុំរង់ចាំការបកស្រាយពីលោក ភឺន ផល្លា និងលោក ង៉ាន់ ភិរុណ គ្រប់ពេលវេលា ប៉ុន្តែរហូតមកដល់ពេលនេះ គឺមិនទាន់អាចសុំការបំភ្លឺបាននៅឡើយទេ៕














































