ផ្សាយចេញពីរាជធានីភ្នំពេញ //មានសំណង់មួយកន្លែងនៅក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល កំពុងតែបង្កឱ្យមានការងឿងឆ្ងល់ និងក្តីកង្វល់យ៉ាងខ្លាំងពីសាធារណជន និងពលរដ្ឋអ្នកជិតខាងក្នុងមូលដ្ឋាននោះ ដោយសារតែការសាងសង់នេះបានអនុវត្តផ្ទុយពីខ្លឹមសារនៃលិខិតអនុញ្ញាតដែលចេញដោយអាជ្ញាធរ កាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៣។ ករណីនេះបានបង្ហាញយ៉ាងច្បាស់ពីភាពធូររលុង ភាពព្រងើយកន្តើយ និងការមិនឆ្លើយតបរបស់មន្ត្រីមូលដ្ឋាន។
យោងតាមឯកសារ «សេចក្តីជូនដំណឹង» ចុះថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៣ ដែលចេញដោយអាជ្ញាធរពាក់ព័ន្ធ បានអនុញ្ញាតយ៉ាងច្បាស់លាស់ត្រឹមតែឱ្យធ្វើការ «សាងសង់របងថ្មទប់ច្រាំង និងសាងសង់រោងឃ្លាំង» ប៉ុណ្ណោះ ក្នុងគោលបំណងទប់ទល់ការបាក់ច្រាំងទន្លេ។ ក៏ប៉ុន្តែ ការអនុវត្តជាក់ស្តែងនៅទីតាំងនោះ បានបោះបង់ចោល នូវគោលបំណងច្បាប់ទាំងស្រុង តែបែរជាមានការសាងសង់ «ផ្ទះថ្ម» យ៉ាងរឹងមាំទៅវិញ ដែលនេះគឺជា ការបំពានដ៏កញ្ជ្រិល លើច្បាប់ជាធរមាន និងជាការធ្វើសកម្មភាពត្រឡប់ពីគោលបំណងដើមនៃលិខិតអនុញ្ញាតទាំងស្រុង។ ការសាងសង់ផ្ទះថ្មខុសពីការអនុញ្ញាតនេះ ត្រូវបានគេមើលឃើញថា ជា ទង្វើបំពានច្បាប់ដោយចេតនា និងធ្វើឡើងដោយមានការ ប្រាសចាក ពីខ្លឹមសារច្បាប់ច្បាស់លាស់ ដែលបង្ហាញពីចេតនាមិនត្រឹមត្រូវ និងការមើលងាយច្បាប់របស់រដ្ឋ។
អ្វីដែលគួរឱ្យហួសចិត្ត និងជាការ ធ្វេសប្រហែសកម្រិតឧក្រិដ្ឋ នោះ គឺអាជ្ញាធរមូលដ្ឋាន មិនបានចាត់វិធានការទប់ស្កាត់ទេ រហូតដល់ថ្ងៃប្រកាសនៅ ថ្ងៃសុក្រ ទី ១០ ខែ តុលា ឆ្នាំ ២០២៥ ក៏នៅតែមិនមានការឆ្លើយតបប្រកបដោយការទទួលខុសត្រូវ។
អង្គភាពដែលបានរកឃើញភាពមិនប្រក្រតីនេះ ក៏បានធ្វើការទំនាក់ទំនងទៅកាន់ លោក អភិបាលក្រុងសំពៅពូន ដែលជាអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងដែនសមត្ថកិច្ច ចំនួន ៣ ដង តាមទូរសព្ទ ប៉ុន្តែការឆ្លើយតបគឺភាពស្ងៀមស្ងាត់ និងការ មិនខ្វល់ខ្វាយ។ លើសពីនេះ ក្រុមការងារក៏បានទំនាក់ទំនង និងផ្ញើឯកសារពាក់ព័ន្ធតាមប្រព័ន្ធទូរលេខ ទៅកាន់មន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមដែរ ប៉ុន្តែលទ្ធផលនៅតែអវិជ្ជមាន គឺគ្មានការឆ្លើយតប ឬចាត់វិធានការ ពន្លត់ភ្លើង ណាមួយឡើយ។
ទង្វើ ព្រងើយកន្តើយដ៏គ្រោះថ្នាក់ និង មិនឆ្លើយតបជាប្រព័ន្ធ នេះ បានបង្ហាញឱ្យឃើញពីអាកប្បកិរិយាដ៏ ធូររលុងរហូតដល់ថ្នាក់អសកម្ម របស់មន្ត្រីមូលដ្ឋាន ដែលហាក់ដូចជាមានការអនុញ្ញាតឱ្យមានការសាងសង់ខុសច្បាប់នេះកើតឡើងដោយអន្លើ ឬអាចជា ចេតនានៃការ «កន្ទាលធំបន្លំដេកក្បាលទំពែកបន្លំកោ» ដើម្បីបិទបាំងនូវភាពមិនប្រក្រតីណាមួយដែលកើតឡើងក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។ ការមិនឆ្លើយតបរបស់អាជ្ញាធរក្រុងសំពៅពូន មិនត្រឹមតែជាការ រំលងភារកិច្ចដោយស្មារតីអន់ថយ ទេ តែថែមទាំងបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកជិតខាង និងសណ្តាប់ធ្នាប់សាធារណៈ។
មន្ត្រីដែលមាននាទីគ្រប់គ្រងដីធ្លីនៅចំណុចទីតាំងនោះ ក៏ត្រូវបានគេរិះគន់យ៉ាងចាស់ដៃផងដែរ ចំពោះការបញ្ជូនឯកសារ មិនគ្រប់ជ្រុងជ្រោយនិងមិនទទួលខុសត្រូវ ដោយគ្រាន់តែផ្ញើលិខិតមួយសន្លឹកទាក់ទងនឹងការចាក់របងទប់ច្រាំងប៉ុណ្ណោះ ដោយមិនមានឯកសារសំខាន់ផ្សេងទៀតដូចជា ប្លង់ ឬ ផែនការអនុវត្ត ដើម្បីបញ្ជាក់ពីភាពស្របច្បាប់ឡើយ។
មហាជនជាច្រើនបានដាក់សំណួរធ្ងន់ៗទៅកាន់អភិបាលក្រុងសំពៅពូន និងមន្ត្រីពាក់ព័ន្ធដូចខាងក្រោម:
១/តើការខ្វះខាតឯកសារនេះជាអំពើឆ្គាំឆ្គង ឬជាការរៀបចំផែនការបិទបាំងដែលមិនប្រក្រតី?
២/ តើលោកអភិបាលក្រុងមានការជាប់ពាក់ព័ន្ធ ឬមាន ទេវប្រាក់ តាសាមូម អ្វីដែលធ្វើឱ្យលោក ស្រវឹងភ្នែក ថ្លង់ត្រចៀក និងអនុញ្ញាតឱ្យសំណង់ខុសច្បាប់ដែលចេញពីលិខិតអនុញ្ញាតទប់ច្រាំងតាំងពី ឆ្នាំ ២០២៣ នេះ រីកដុះដាលក្លាយជាផ្ទះថ្មយ៉ាងគឃ្លើនដោយគ្មានវិធានការទប់ស្កាត់នោះមែនទេ?
៣/ តើការមិនឆ្លើយតបចំនួន ៣ ដងទៅនឹងការទាក់ទងរបស់អង្គភាពរកឃើញភាពមិនប្រក្រតី គឺជាការ បន្លំដេកលក់ ដោយធ្វេសប្រហែស ឬជា ការសម្រេចចិត្តប្រព័ន្ធ ដែលបង្ហាញពីការព្រងើយកន្តើយក្នុងការអនុវត្តច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឬ?គួរផងដែលថា// ពលរដ្ឋជាច្រើនគ្រួសារនៅតំបន់នោះ សូមទាមទារ និងទូទូចស្នើតសុំ ជាបន្ទាន់ទៅកាន់ ឯកឧត្ដម អភិបាលខេត្តកណ្តាល មេត្តាដឹកនាំ អធិការកិច្ចជាដំបូលរន្ទះ ចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងសំណង់នេះជាបន្ទាន់ កុំបណ្តោយឱ្យមន្ត្រីក្រោមឱវាទធ្វើការ បន្លំដេក និងធ្វេសប្រហែសកម្រិតអសកម្ម បន្តទៀត។ ការអនុវត្តច្បាប់ត្រូវតែ ម៉ឺងម៉ាត់បំផុតរហូតដល់ការវាយកម្ទេច ដើម្បីទប់ស្កាត់ការសាងសង់សំណង់ខុសច្បាប់ ដែលជា សំណល់រឹងមាំបង្កភាពអាសគ្រាម ឱ្យក្លាយទៅជាគំរូអាក្រក់នៅមុខសាធារណៈ។ អាជ្ញាធរខេត្តត្រូវតែវាយកម្ទេចចោលភ្លាម នូវទង្វើទាំងឡាយណាដែលផ្ទុយនឹងច្បាប់ និងត្រូវចាត់វិធានការវិន័យធ្ងន់ធ្ងរទៅលើ អភិបាលក្រុងសំពៅពូន និងមន្ត្រីពាក់ព័ន្ធ ដែលបានធ្វើការព្រងើយកន្តើយនេះ។
អង្គភាពសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងរឿងរ៉ាវក្នុងសង្គម ដើម្បីជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំនិងពលរដ្ឋ ហើយរិះគន់ក្នុងន័យស្ថាបនា ពុំមានចេតជាន់ពន្លិច បុគ្គល ស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំ ប្រកាន់ខ្ជាប់នូវការរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នឬបុគ្គលពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា…..
សូមអរគុណ!












