យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលព្រៃឈើថា គេបានធ្វើការស្ទាក់ និង ឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាក Lexus Lx470 ពណ៌ខ្មៅ ចង្កូតឆ្វេង ពាក់ផ្លាកលេខភ្នំពេញ 2AG-4632 ដែលផ្ទុកឈើអារប្រភេទលេខ១ (សុ ក្រម) (ពុំទាន់រាប់ និងវាស់វែង ជាប្រភេទទ្វារ មិនទាន់ផ្គុំ) ត្រង់ចំណុចខាងមុខស្នាក់ការ ក.ប.ប ខេត្តមណ្ឌលគិរី ស្ថិតក្នុងភូមិដើមស្រល់ សង្កាត់ មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តដោយឈ្មោះ ផល ចន្ទ្រា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ។
វត្ថុតាងបទល្មើសព្រៃឈើខាងលើ ក្រុមមន្ត្រីបាននាំយកទៅរក្សាទុកនៅស្នាក់ការ ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគីរី ដើម្បីបន្តអនុវត្តនីតិវិធី នៃច្បាប់ស្តីពី ព្រៃឈើ ។
សូមបញ្ជាក់ ស្ត្រីឈ្មោះ ផល ចន្រ្ទា និងប្ដីឈ្មោះ រ៉ាន់ ត្រូវគេស្គាល់ថា គឺជាឈ្មួញ និងជាម្ចាស់សិប្បកម្មឈើខុសច្បាប់ល្បីយូរហើយនៅឃុំ មេម៉ង់ ហើយសមត្ថកិច្ចក៍ធ្លាប់បានធ្វើការបង្ក្រាបជារឿយៗដែរ តែពួកគេហាក់ដូចជាមិនរាងចាលឡើយ ។ ផ្ទុយទៅវិញពេលខ្លះគេបែរជាប្រឌិតឈុតឆាករឿង បាចទឹកលាបពណ៌មកលើសមត្ថកិច្ចវិញទៀតផង ។ ប៉ុន្តែយ៉ាងណាក្ដីពេលនេះពួកគេនៅក្នុងអន្ទាក់សមត្ថកិច្ចហើយ ចាំមើល៍ថា តើនឹងមានវិធីអ្វីអាចលោតកើតទៀត ?




