ស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស បានរៀបចំពិធីក្រុងពាលីថ្វាយបារមី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងការបុកគ្រឹះ និងសាងសង់ស្លាក «បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF Plus)» របស់រដ្ឋបាលខេត្តស្វាយរៀង។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅទីតាំងទំនប់តាណេង ច្រាំងតាបុល ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ការរៀបចំសាងសង់ស្លាកនិមិត្តរូប ODF Plus នាពេលនេះ គឺជាសាក្សីភាព និងជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀត ដែលបង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ និងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល ក្នុងការលើកកម្ពស់អនាម័យ បរិស្ថានរស់នៅ និងសុខុមាលភាពសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់៕









