ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ បានធ្វើបទបង្ហាញពីការបង្រ្កាបបទល្មើសអនឡាញនៅទីតាំងការស៊ីណូ Golden galaxy ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន៣៩ អង្គភាព។ ទីតាំងកាស៊ីណូ Golden Galaxy ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (បទល្មើសអនឡាញ) យ៉ាងក្តៅគគុកនាពេលកន្លងមក។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា បានពន្យល់ និងបង្ហាញយ៉ាងលម្អិតជូនដល់តំណាងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីវិធានការផ្លូវច្បាប់ កិច្ចប្រតិបត្តិការស្រាវជ្រាវ ការចុះឆែកឆេរ ក៏ដូចជាលទ្ធផលជាក់ស្តែងនៃការទប់ស្កាត់ និងបង្រ្កាបសកម្មភាពខុសច្បាប់នានាដែលបានកើតឡើងនៅក្នុងទីតាំងកាស៊ីណូខាងលើ។
ការរៀបចំកិច្ចប្រជុំ និងធ្វើបទបង្ហាញជូនអ្នកសារព័ត៌មាននាពេលនេះ គឺជាការបង្ហាញអំពីភាពស្មោះត្រង់ តម្លាភាព និងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ល្បែងស៊ីសងខុសច្បាប់ និងការជួញដូរមនុស្ស ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់មុខមាត់របស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ៕














