លោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធិបើកការដ្ឋានសាងសង់អគារសិក្សាបេតុងថ្មី ១ខ្នង មាន ៣បន្ទប់ (ទទឹង ៩ម៉ែត្រ បណ្តោយ ២៤ម៉ែត្រ កម្រាលបេតុង) ស្ថិតនៅសាលាបឋមសិក្សាចេក សង្កាត់ចេក ដែលជាគម្រោងអនុវត្តក្រោមមូលនិធិសង្កាត់ចេក ឆ្នាំ២០២៦។
គម្រោងនេះកើតឡើងពីការមើលឃើញរបស់ក្រុមប្រឹក្សាសង្កាត់ចេក លើតម្រូវការជាក់ស្តែង ក្នុងការដោះស្រាយបញ្ហាខ្វះបន្ទប់សិក្សា និងអគារសិក្សាកំពុងប្រើប្រាស់មានសភាពចាស់។ ការគាំទ្រនេះមិនត្រឹមតែជាការកែលម្អបរិយាកាសសិក្សា ប៉ុន្តែជាការគាំទ្រវិស័យអប់រំ ដែលជាមូលដ្ឋានសម្រាប់បណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ។
ក្នុងឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងក្រុង លោកនាយរងទីចាក់ការផែនការ និងវិនិយោគ និងជាមន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធប្រចាំក្រុងស្វាយរៀង ក្រុមប្រឹក្សាសង្កាត់ចេក ថ្នាក់ដឹកនាំភូមិ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស ដែលបានបង្ហាញពីការរួមចំណែករួមចិត្តរបស់សហគមន៍ ក្នុងការលើកកម្ពស់គុណភាពអប់រំក្នុងមូលដ្ឋាន។











