អុញនោះ! ផ្ទុះកក្រើក! លើបណ្តាញសង្គមទៀតហើយ ករណីមន្ត្រីតុលាការប្ដីប្រពន្ធ យោង តាម ពលរដ្ឋរងគ្រោះ ដោយស្គាល់ឈ្មោះថា លោក សេង គីមឡាក់ (ព្រះរាជអាជ្ញា) និងភរិយា លោកស្រី គឹម សុគន្ធា (ចៅក្រម) បន្ទាប់ពីចាញ់អំណាចច្បាប់វាយរបងបើកផ្លូវរាស្ត្រហើយ បែរជាប្រើប្រព័ន្ធតុលាការមកប្ដឹងរាស្ត្រ ៦ នាក់ឱ្យរស់ក្នុងភាពភ័យខ្លាច!
===========
ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត* កំពុងដុតដៃដុតជើងពង្រឹងអភិបាលកិច្ច និងយុត្តិធម៌សង្គម រឿងរ៉ាវដ៏រសើប និងគួរឱ្យហួសចិត្តមួយបានលេចចេញឡើងនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ នេះមិនមែនគ្រាន់តែជាវិវាទដីធ្លីធម្មតានោះទេ ប៉ុន្តែវាគឺជាការសាកល្បងនូវភាពស្អាតស្អំនៃប្រព័ន្ធយុត្តិធម៌ទាំងមូល នៅពេលដែលបុគ្គលមានអំណាច "ក្នុងផ្នែកអ្នកច្បាប់" ហ៊ានយកតួនាទី មកបិទផ្លូវដង្ហើមរបស់រាស្ត្រ។ ទោះបីជាផ្នែករដ្ឋបាលត្រូវបានស្ដារឡើងវិញដោយជោគជ័យក្រោមអន្តរាគមន៍ក្ដៅពី *ឯកឧត្តម គួច ចំរើន* អភិបាលខេត្តកណ្ដាល ក៌ប៉ុន្តែដុំពពកខ្មៅនៃ "ការចំណាត់ការតាមផ្លូវតុលាការ" កំពុងតែឡោមព័ទ្ធពលរដ្ឋស្លូតត្រង់ ៦ នាក់ឱ្យធ្លាក់ក្នុងភាពអស់សង្ឃឹម។
នេះបើយោងតាមពលរដ្ឋរងគ្រោះជាច្រើនាក់បានឲ្យ អង្គភាពសារព័ត៌មានយើងដឹងនៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ និងផ្តល់រូបភាពឯកសារជាច្រើន ដើម្បីធ្វើការផ្សព្វផ្សាយ នេះយោងតាមអង្គហេតុ និងភស្តុតាងដែលអង្គភាពសារព័ត៌មានយើងទទួលបាន លោក *សេង គីមឡាក់* (ព្រះរាជអាជ្ញា) និងភរិយាគឺលោកស្រី *គឹម សុគន្ធា* (ចៅក្រម) ត្រូវបានរកឃើញថាបានសាងសង់របងបេតុងរំលោភលើផ្លូវសាធារណៈ ដែលមានចុះបញ្ជីដីធ្លីជាប្រព័ន្ធតាំងពីឆ្នាំ ២០១៨។ យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់សាលាខេត្តកណ្ដាល លេខ *០៣៦/២៦ របក* ចុះថ្ងៃទី *៣០ ខែកក្កដា ឆ្នាំ២០២៦* បានបញ្ជាក់យ៉ាងច្បាស់ថា ដីចំណុចលឿងដែលត្រូវបានបិទនោះ គឺជាផ្លូវសាធារណៈដែលមិនអាចឱ្យបុគ្គលណាម្នាក់យកមកធ្វើជាកម្មសិទ្ធិឯកជនបានឡើយ។
មហាជនពិតជាស្ងប់ស្ញែងខ្លាំងណាស់ចំពោះវីរភាពរបស់ *ឯកឧត្តម គួច ចំរើន* អភិបាលខេត្តកណ្ដាល ដែលបានប្រើ "កណ្ដាប់ដៃដែក" ចុះអន្តរាគមន៍រហូតម្ចាស់ដីបង្ខំចិត្តឱ្យកម្មករវាយរបងដោយខ្លួនឯងដើម្បីបើកផ្លូវជូនរាស្ត្រ។ ទង្វើនេះគឺជាគំរូដ៏ល្អនៃ "មន្ត្រីបម្រើរាស្ត្រ"។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនខ្សឹបខ្សៀវទាំងក្ដីបារម្ភ និងខឹងសម្បារបំផុតនោះគឺ "ចំហាយកំហឹង" ក្រោយការចាញ់ក្ដីនៅសាលាខេត្ត។ ជំនួសឱ្យការដឹងខ្លួនខុស និងសុំទោសពលរដ្ឋដែលខ្លួនបានធ្វើបាបអស់ជាច្រើនឆ្នាំ ប្ដីប្រពន្ធមន្ត្រីតុលាការរូបនេះ បែរជាប្រើប្រាស់ឥទ្ធិពលក្នុងប្រព័ន្ធច្បាប់ ប្ដឹងច្រាសទៅលើតំណាងពលរដ្ឋ ៦ នាក់ ដែលគ្រាន់តែជាអ្នកការពារផលប្រយោជន៍រួម។
នេះគឺជាទង្វើ «ចោរស្រែកឱ្យប៉ូលីសចាប់» ឬ«យកច្បាប់មកបាំងកំហុស» យ៉ាងពិតប្រាកដ! តាមដីកាកោះលេខ *១៥៦២ អ.ក*១៥២៥ អ.ក និង *១៦៦៥ អ.ក* បង្ហាញថាពលរដ្ឋដែលល្ងង់ខ្លៅមិនចេះអក្សរច្បាប់ ត្រូវបង្ខំចិត្តឡើងចុះតុលាការទាំងភិតភ័យខ្លះចង់សន្លប់។ មហាជនសួរថា៖ តើក្រសួងយុត្តិធម៌អាចអត់ឱនឱ្យមន្ត្រីដែលអាងអំណាចជិះសេះលែងដៃបែបនេះដែរឬទេ? ការប្ដឹងរាស្ត្រត្រឡប់វិញ គឺជាចេតនាបំបាក់ស្មារតី កុំឱ្យរាស្ត្រហ៊ានតវ៉ាចំពោះអំពើខុសឆ្គងរបស់ខ្លួនទៅថ្ងៃមុខ។ ពលរដ្ឋទាំង ៦ នាក់ ឥឡូវនេះដេកមិនលក់ បក់មិនល្ងើយ ព្រោះដឹងច្បាស់ថា កម្លាំងរាស្ត្រទទេស្អាត ពិបាកនឹងតទល់ជាមួយ "ខ្លាក្នុងសាលក្រម" ដែលមានទាំងទឹកប្រាក់ និងឥទ្ធិពល។
ជាសេចក្ដីសន្និដ្ឋានរបស់មហាជនពលរដ្ឋក្នុងភូមិ ឃុំខាងលើយ៉ាងដូឆ្នេះថា យុត្តិធម៌ដែលឯកឧត្តមអភិបាលខេត្តស្ដារបានត្រឹម "ផ្លូវដើរ" វានៅមិនទាន់គ្រប់គ្រាន់ឡើយ។ អ្វីដែលរាស្ត្រចង់បានបំផុតនៅពេលនេះ គឺ "យុត្តិធម៌ផ្លូវចិត្ត និងផ្លូវច្បាប់"។ ស្ថាប័នកំពូលដែលត្រូវទទួលខុសត្រូវធំបំផុតគឺ ក្រសួងយុត្តិធម៌ និង ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម*។ អ្នកអាន និងពលរដ្ឋកំពុងរង់ចាំមើលថា តើក្រសួងនឹងហ៊ាន "កាត់សាច់ស្អុយ" មួយសសៃនេះចោល ដើម្បីរក្សារាងកាយយុត្តិធម៌ទាំងមូលឱ្យស្អាតដែរឬទេ?
ការសំណូមពរដ៏ទទូចេមហាជនពលរដ្ឋក្នុង ភូមិ ឃុំ ៖ សូមឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាពិនិត្យមើល "សីលធម៌ និងគុណធម៌" របស់លោក សេង គីមឡាក់ និងលោកស្រី គឹម សុគន្ធា ជាបន្ទាន់។ ត្រូវចាំថា «មាសទឹកដប់ មិនខ្លាចភ្លើង មន្ត្រីស្អាតស្អំ មិនខ្លាចការស៊ើបអង្កេត»។ បើគ្មានវិធានការវិន័យឱ្យបានធ្ងន់ធ្ងរទេ ជំនឿចិត្តរបស់រាស្ត្រមកលើប្រព័ន្ធតុលាការនឹងត្រូវរលាយសាបសូន្យក្រោមអំណាចបុគ្គល។ សេចក្ដីសុខរបស់រាស្ត្រ គឺជាជោគជ័យដ៏ពិតប្រាកដរបស់រដ្ឋាភិបាល!
ពាក់ព័ន្ធ ដែលអង្គភាពសារព័ត៌មានយើង មុននិងការចេញផ្សាយ អង្គភាពសារព័ត៌មានយើង មិនអាចទំនាក់ទំនងទៅ លោក សេង គីមឡាក់ (ព្រះរាជអាជ្ញា) និងភរិយា លោកស្រី គឹម សុគន្ធា (ចៅក្រម) បាននោះទេ ដោយពុំមានលេខទំនាក់ទំនង។
✍️សូមបញ្ចាក់ផងដែរថា 👉អង្គភាពយើងស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធក្នុង ភូមិ ឃុំ ស្រុក ខេត្ត នៃតំបន់ខាងលើនេះ ផងដែរីពាក់ព័ន្ធក្រោយពីការចេញផ្សាយ ភាគីទាំងនោះអាចបកស្រាយមកកាន់អង្គភាពរបស់យើងបានរៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដោយអង្គភាព យើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះ។



















