ខេត្តស្វាយរៀង៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំចំនួន៧ ក្នុងស្រុកស្វាយជ្រំ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥ នៅសាលាស្រុកស្វាយជ្រំ ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហែម សារិទ្ធអភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រុំ លោកស្រី ប៊ុន ចិន្តា នាយកទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាមេឃុំ ក្រុមប្រឹក្សាឃុំ ដែលបានចូលរួមក្នុងការដេញថ្លៃគម្រោងឃុំ ក្រោមការតាមដានចូលរួមយកចិត្តទុកដាក់ពីសំណាក់ក្រុមអ្នកសារព័ត៌មាន អង្គភាពក្រុមហ៊ុនដេញថ្លៃគម្រោងទាំងក្នុង និងក្រៅខេត្តជាច្រើនក្រុមហ៊ុនផងដែរ។
លោក ហែម សារិទ្ធ បានថ្លែងថា ចំពោះក្រុមហ៊ុនដែលដេញថ្លៃបានសូមធ្វើទៅតាមលក្ខណៈបច្ចេកទេសនៅលើកិច្ចសន្យាជៀសវាងធ្វើឲ្យរួចតែពីដៃ ហើយនៅពេលប្រជាពលរដ្ឋគាត់មិនពេញចិត្តចំពោះការសាងសង់ ឬជួសជុលគម្រោងដែលដេញថ្លៃបាននោះ គាត់នឹងមានការតវ៉ាដូច្នេះក្រុមហ៊ុនត្រូវមកទទួលខុសត្រូវតាមកិច្ចសន្យា។
ក្នុងឱកាសនោះ លោកស្រី ប៊ុន ចិន្តា នាយកទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តស្វាយរៀងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចូលរួមដេញថ្លៃ ដោយបានចាត់ទុកថា ដំណើរការទាំងមូលនៃកម្មវិធីគឺបានប្រព្រឹត្តទៅដោយរលូន និងស្របទៅតាមនីតិវិធីកំណត់។ លោកស្រីក៏បានផ្តាំផ្ញើទៅដល់ក្រុមហ៊ុនដែលទទួលបានគម្រោងត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ដើម្បីធានាបាននូវគុណភាពផ្លូវ និងការប្រើប្រាស់បានយូរអង្វែងសម្រាប់ប្រជាពលរដ្ឋក្នុងឃុំ។
សូមបញ្ជាក់ថា ការបើកសំណើរដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥ក្នុងស្រុកស្វាយជ្រុំចំនួន ៧ ឃុំប្រព្រឹត្តទៅដោយរលូនតាមលក្ខន្តិកៈនៃការដេញថ្លៃរបស់មូលនិធិឃុំឆ្នាំ ២០២៥៕











