រឿងអាស្រូវដីព្រៃសហគមន៍ត្រៀបសណ្ដាយបាត់រាប់ពាន់ហិកតា៖ វែកមុខអ្នកឃុបឃិតចេញប្លង់ដឺម៉ាសខុសច្បាប់ឲ្យមន្ត្រីអាវុធហត្ថ មហាជនសួររកភាពក្លាហានរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ តើច្បាប់អនុវត្តលើអ្នកណា?
កំពុងទាញយកប្រកាស...
កំពុងទាញយកប្រកាស...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

រឿងអាស្រូវដីព្រៃសហគមន៍ត្រៀបសណ្ដាយបាត់រាប់ពាន់ហិកតា៖ វែកមុខអ្នកឃុបឃិតចេញប្លង់ដឺម៉ាសខុសច្បាប់ឲ្យមន្ត្រីអាវុធហត្ថ មហាជនសួររកភាពក្លាហានរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ តើច្បាប់អនុវត្តលើអ្នកណា?

 


ដីព្រៃរដ្ឋរលាយព្រោះទឹកខ្មៅមន្ត្រី ខែលច្បាប់រលត់ក្រោមស្រមោលអំណាច! ព្រៃសហគមន៍ត្រៀបសណ្ដាយខេត្តក្រចេះបាត់បង់រាប់ពាន់ហិកតា ឯមន្ត្រីមូលដ្ឋានហ៊ានចុះហត្ថលេខាបោះត្រាលើប្លង់ដឺម៉ាសកាត់ដីរដ្ឋឲ្យបុគ្គលឯកជនយ៉ាងរលូន។ តើនេះជាការអនុវត្តច្បាប់ ឬជាការឃុបឃិតជាប្រព័ន្ធដើម្បីផលប្រយោជន៍បុគ្គល?


យោងតាមប្រភពពីមហាជន និងប្រជាពលរដ្ឋនិយាយតៗគ្នាទាំងក្តីក្ដុកក្ដួល និងខឹងសម្បារថា ព្រៃឈើដែលធ្លាប់តែជាសម្បត្តិធម្មជាតិរួមរបស់រដ្ឋ និងសហគមន៍ត្រៀបសណ្ដាយ ស្ថិតក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ

  កំពុងរងការវះកាត់ពុះជ្រៀកយកធ្វើជាកម្មសិទ្ធិឯកជនយ៉ាងកំរោល។ ប្រភពច្បាស់ការបានទម្លាយថា ផ្ទៃដីព្រៃអភិរក្សដ៏ធំធេងត្រូវបានបាត់បង់ជាបន្តបន្ទាប់តាំងពីឆ្នាំ២០២២ មកម្ល៉េះ ក្រោមរូបភាពនៃការទន្ទ្រានកាន់កាប់យ៉ាងរលូន ដោយសារមានការជួយជ្រោមជ្រែង និងបើកដៃពីសំណាក់អាជ្ញាធរមូលដ្ឋាន តាមរយៈការចេញលិខិតបញ្ជាក់ដីធ្លីមិនប្រក្រតី បំពានច្បាប់រដ្ឋទាំងកណ្តាលថ្ងៃត្រង់។


តាមអ្នកអង្កេតការណ៍ខាងវិស័យព័ត៌មាន និងការតាមដានហេតុការណ៍ជាក់ស្តែងបានកត់សម្គាល់ឃើញថា ករណីនេះបានជាប់ពាក់ព័ន្ធយ៉ាងច្បាស់នឹងលោក សាន្ដ ប៊ុនថាន មន្ត្រីកងរាជអាវុធហត្ថ ដែលបានហ៊ុមព័ទ្ធកាន់កាប់ដីគម្របព្រៃឈើជាង ៣៥ ហិកតា និងដីព្រៃសហគមន៍ប្រមាណ ៤០ ហិកតា ដោយមានការព័ទ្ធរបង ដាំស្វាយចន្ទី ព្រមទាំងទទួលបានការចុះហត្ថលេខាលើលិខិត «ប្លង់ដឺម៉ាស» ពីអាជ្ញាធរឃុំ ដើម្បីធ្វើអាជីវកម្ម និងលក់ដូរយ៉ាងត្រជាក់ចិត្ត។


ឆ្លើយតបក្នុងបទសម្ភាសន៍នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សាន្ដ ប៊ុនថាន បានអះអាងថាលោកកាន់កាប់ដីនេះ ១០ឆ្នាំមកហើយ ហើយបើដ្ឋឬសហគមន៍ត្រូវការ លោកនឹងប្រគល់ជូនវិញ។ ចម្លើយនេះត្រូវបានមហាជន និងអ្នកវិភាគចាត់ទុកថាជាការឆ្លើយយករួចខ្លួនយ៉ាងងាយស្រួល ពីព្រោះការទន្ទ្រានដីព្រៃរដ្ឋជាអំពើល្មើសច្បាប់ មិនមែនគ្រាន់តែនិយាយថា «ប្រគល់ឲ្យវិញ» គឺរួចផុតពីសំណាញ់ច្បាប់នោះឡើយ។


ចំណែកលោក សារី ចាន់ ប្រធានសហគមន៍ត្រៀបសណ្ដាយ បានបញ្ជាក់យ៉ាងច្បាស់ថា ផ្ទៃដីព្រៃសហគមន៍ដើមឡើយមានទំហំរហូតដល់ ១៥,០០ ហិកតា ប៉ុន្តែបច្ចុប្បន្នត្រូវបានកាត់ឆ្កៀលបាត់បង់អស់ប្រមាណ ៤០% ទៅហើយ ដោយលោកទទួលស្គាល់ថា លោក សាន្ត ប៊ុនថាន ពិតជាបានគ្រប់គ្រងដីសហគមន៍ជាង ៤០ហិកតា និងដីគម្របព្រៃរដ្ឋមែន តែជាការកាន់កាប់មុនពេលលោកកាន់តំណែង។ អ្វីដែលកាន់តែហួសចិត្តនោះគឺ លោក មុំ ខាំ មេឃុំថ្មី បានចេញមុខទទួលស្គាល់ដោយឥតញញើតថា លោកពិតជាបានចុះហត្ថលេខាលើប្លង់ដឺម៉ាសទាំងនោះមែន ដោយសំអាងសាមញ្ញថាជាដីរបស់លោក សាន ប៊ុនថាន។ រីឯលោក ឃ្លាំង ណារ័ត្ន មន្ត្រីរដ្ឋបាលព្រៃឈើ បែរជាបកស្រាយការពារថាជាដីពលរដ្ឋរុករានមុនពេលបង្កើតសហគមន៍ទៅវិញ ដែលការឆ្លើយដោះសាររុញដាក់គ្នានេះ កាន់តែបង្ហាញពីភាពកម្សោយ និងការឃុបឃិតគ្នាបំពានច្បាប់យ៉ាងច្បាស់ក្រឡែត។


ទោះបីជាលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី ធ្លាប់បានអះអាងថាកំពុងពិនិត្យនីតិវិធីផ្លូវច្បាប់យ៉ាងណាក្តី ក៏វិធានការកន្លងមកនៅតែស្ងប់ស្ងាត់ដូចចោរលួចសេះ។ ដូចពាក្យស្លោកអ្នកវិភាគបានលើកឡើងថា៖ «ច្បាប់មុតស្រួចដោយសារឆន្ទៈអ្នកអនុវត្ត តែបើអ្នកកាន់ច្បាប់បិទភ្នែកម្ខាង យុត្តិធម៌សង្គមនឹងរលាយក្រោមអំណាចទឹកប្រាក់»។ ប្រជាសហគមន៍ទទូចយ៉ាងដាច់អហង្ការដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងរដ្ឋបាលខេត្តក្រចេះ ត្រូវតែចាត់វិធានការក្តៅវះកាត់សាច់ស្អុយភ្លាមៗ ចុះស៊ើបអង្កេតឲ្យស៊ីជម្រៅ វែកមុខអ្នកឃុបឃិតចុះហត្ថលេខាលើ «ប្លង់ដឺម៉ាស» មិនប្រក្រតីទាំងអស់ ព្រមទាំងដកហូតដីព្រៃរដ្ឋមកវិញជាបន្ទាន់ ដោយគ្មានការយោគយល់ក្រោមស្លាកអំណាចណាមួយឡើយ។


សូមបញ្ជាក់យ៉ាងច្បាស់ថា អង្គភាពសារព័ត៌មាន អង្គការសង្គមស៊ីវិល និងសមាគមនានា ដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងរិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាជាន់ពន្លិច កាច់កុង ឬបង្ខូចកេរ្តិ៍ឈ្មោះស្ថាប័នរដ្ឋ ឬបុគ្គលណាមួយឡើយ គឺធ្វើឡើងដើម្បីផលប្រយោជន៍ជាតិ និងការពារធនធានធម្មជាតិរួមប៉ុណ្ណោះ។


កន្លងមក ក្រុមការងារយើងបានព្យាយាមទាក់ទងទៅគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសុំការបំភ្លឺ ប៉ុន្តែលេខទូរសព្ទខ្លះខលចូលគ្មានអ្នកទទួល ខ្លះទៀតឆាតតាមប្រព័ន្ធ Telegram ឃើញហើយមិនឆ្លើយតប ឬមិនអាចទាក់ទងបាននោះឡើយ។ អាស្រ័យហេតុនេះ យើងផ្សព្វផ្សាយព័ត៌មាននេះឡើងក្នុងន័យស្ថាបនារួមគ្នាដើម្បីជាតិមាតុភូមិ ហើយអង្គភាពយើងខ្ញុំនៅតែបន្តរង់ចាំទទួលការបកស្រាយ បំភ្លឺ និងផ្តល់ព័ត៌មានបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធជានិច្ច រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕






















Previous Post Next Post