ខេត្តស្វាយរៀង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង។
ជាលទ្ធផលក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាន៖
ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ (ភេទប្រុស)
ដកហូតវត្ថុតាង សារធាតុញៀនសរុបចំនួន ០៧ កញ្ចប់ (កញ្ចប់ធំ ០៦ កញ្ចប់)
ទូរស័ព្ទដៃចំនួន ០១ គ្រឿង
ដោយមានការឯកភាព និងសម្របសម្រួលនីតិវិធីពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និង ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕







