ព្រឹកថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង អមដំណើរដោយមន្ត្រីបច្ចេកទេស បានចុះពិនិត្យវឌ្ឍនភាពការងារថែទាំ និងបញ្ចប់សុពលភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ដែលមានប្រវែងសរុប ១២ ០១០ម៉ែត្រ និងទទឹង ៦ម៉ែត្រ។
ខ្សែផ្លូវនេះគឺជាសមិទ្ធផលស្ថិតក្នុង គម្រោងកែលម្អផ្លូវជនបទជំហាន៣ (RRIP-III) ដែលឆ្លងកាត់ឃុំចំនួន៣ ក្នុងស្រុកកំពង់រោទិ៍ រួមមាន៖
១. ឃុំព្រះពន្លា
២. ឃុំព្រៃធំ
៣. ឃុំសំយ៉ោង
ក្នុងឱកាសចុះពិនិត្យនោះ លោកប្រធានមន្ទីរបានវាយតម្លៃខ្ពស់ចំពោះគុណភាពបច្ចេកទេស ដែលធានាបាននូវភាពរឹងមាំ និងសោភ័ណភាព ដើម្បីបម្រើដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានយូរអង្វែង។
ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ បានសម្តែងនូវក្តីរំភើបសប្បាយរីករាយ និងត្រេកអរជាពន់ពេក ចំពោះសមិទ្ធផលផ្លូវកៅស៊ូដ៏ថ្មីស្រឡាងនេះ។ ផ្លូវនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលឱ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងជាងមុនផងដែរ៕



















