(ស្វាយរៀង): នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ពិធីក្រុងពាលីសុំសេចក្តីសុខដេីម្បីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាលាបឋមសិក្សា សាំង សុវណ្ណ ស្ថិតនៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយទាប។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និង ឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងគណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បានបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ប្រការសម្រាប់ការចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងបរិវេណសាលាបឋមសិក្សា សាំង សុវណ្ណ ដែលជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យអប់រំ និងធនធានមនុស្សនៅក្នុងមូលដ្ឋាន។
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាលាបឋមសិក្សា សាំង សុវណ្ណ គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍវិស័យអប់រំ និងការផ្តល់នូវទីកន្លែងសិក្សាប្រកបដោយផាសុកភាព និងគុណភាពសម្រាប់កូនចៅប្រជាពលរដ្ឋក្នុងតំបន់៕
ដោយ:ភក្ដី













