(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ជាមួយនិងព្រះសង្ឃលោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជេីញសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តក្តីតាចិន ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
សូមរំលឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំដែលទម្លាប់ទាំងនេះគឺបានអនុវត្តជាយូរយាណាស់មកហើយ ។
ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ និង ឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅហើយនោះ និង ជួយរំដោះឱ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ដើម្បីបានទៅកាន់សុខគតិភពថ្មី៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក











